2022/12/10 at 3:52 PM
Banner Top
សូមប្រុងប្រយ័ត្ន! ជំងឺថ្មី ដែលកំពុងផ្ទុះឆ្លងនៅតំបន់ក្បែរកម្ពុជា និងរោគសញ្ញារបស់វា

នាថ្ងៃទី ២១ ឧសភា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីជំងឺថ្មីមួយដែលកំពុងផ្ទុះនៅខេត្តចំនួន ៤ ដែលជាប់នឹងកម្ពុជា និងសូមឲ្យប្រជាពលរដ្ឋបន្តចូលរួមវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះនៅកម្ពុជា។ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease-LSD) ជាជំងឺបង្កដោយវីរុសក្នុងក្រុម Poxviridae នៃប្រភេទ Capripoxvirus ដែលបានផ្ទុះឡើងជាលើកដំបូងនៅប្រទេសហ្សំប៊ី (Zambia) នៅឆ្នាំ១៩២៩ ហើយបាន ឆ្លងរាលដាលពាសពេញពិភពលោកក្នុងនោះមានទ្វីបអាហ្វ្រិក មជ្ឈឹមបូព៌ា អឺរ៉ុបប៉ែកអាគ្នេយ៍ អាស៊ីកណ្តាល អាស៊ី ខាងត្បូង និងប្រទេសចិន ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារកសិករចិញ្ចឹមសត្វ និងសេដ្ឋកិច្ចជាតិ។ នៅប្រទេសចិន ជំងឺនេះបានឆ្លងរាលដាលចាប់តាំងពីខែសីហា ឆ្នាំ២០១៩ រហូតមកដល់ខែមិថុនា ឆ្នាំ២០២០។ ចំណែក នៅប្រទេសវៀតណាមវិញ ជំងឺដុំពកលើស្បែកនេះ បានផ្ទុះឡើងចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ មានចំនួន ២០កន្លែងនៅភាគខាងជើង និងភាគកណ្តាល។ ថ្មីៗនេះ តាមរយៈរបាយការណ៍ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅប្រទេសថៃក៏មានករណីផ្ទុះឡើងនៃជំងឺនេះចំនួន ១៧ខេត្ត-ក្រុង ដែលក្នុងនោះមានខេត្តចំនួន៤ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ដូចជា ខេត្តសុរិន្ទ ខេត្តបុរីរាំ ខេត្តអ៊ូប៊ុនរ៉ាតឆាថានី និងខេត្តស៊ីសាកេត។

ជំងឺដុំពកស្បែកគោ ក្របី (Lumpy Skin Disease LSD)នេះ កើតឡើងដោយមានរោគសញ្ញាសំខាន់ៗ ដែលមានអត្រាសត្វឈឺពី៥-៤៥% និងអត្រាស្លាប់តិចជាង១០% ដែលបង្កឱ្យមានការខាតបង់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ដោយសារជំងឺនេះមានលេចចេញនូវរោគសញ្ញាមានលក្ខណៈជាដុំពកៗ តូច ឬធំទៅតាមស្ថានភាពនៃជំងឺដែលគេរក ឃើញនៅលើស្បែកនៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកំដៅខ្លួនអាចឡើងដល់ ៤១អង្សាសេ។ ដុំពកនេះអាចបង្កទៅជាក្រមរ ហើយអាចបង្កទៅជាដំបៅ ចំពោះសត្វឈ្មោលអាចបាត់បង់សមត្ថភាព បង្កកំណើត និងមេផើមអាចរលូតកូន។

មេរោគនេះអាចឆ្លងពីសត្វមួយទៅសត្វមួយទៀតតាមរយៈការប៉ះពាល់ផ្ទាល់ ពីសត្វទៅសត្វ) ដោយប្រយោលតាមភ្នាក់ងារចម្លងរោគ (ពពួកសត្វបឺតជញ្ជក់ឈាម៖ រុយ មូស ដង្ក តាបោម… ) មធ្យោបាយដឹកជញ្ជូន ចំណីសត្វ ទឹកមេជីវិតបង្កក បរិស្ថាន និងភ្នាក់ងារចម្លងផ្សេងៗទៀត។ មេរោគបង្កជំងឺនេះមាន ភាពធន់នៅក្នុងបរិស្ថាន និងអាចរស់នៅបានក្នុងក្រមរស្បែកស្ងួតរហូតដល់៣ខែ និងរហូតដល់៦ខែនៅក្នុងទ្រុងសត្វ កខ្វក់ និងគ្មានពន្លឺចេញ-ចូលគ្រប់គ្រាន់។ មេរោគនេះអាចរស់នៅក្នុង pH ពី៦៣ ទៅ៨,៣ ហើយនឹងងាយងាប់ដោយ ពន្លឺថ្ងៃ ជាតិអាស៊ីត ជាតិបាសខ្ពស់ និងបញ្ឈប់សកម្មភាពនៅសីតុណ្ហភាព៥៥អង្សាសេក្នុងរយៈពេល២ម៉ោង ៦០អង្សាសេ ក្នុងរយៈពេល១ម៉ោង និង៦៥អង្សាសេក្នុងរយៈពេល៣០នាទី និងងាយកម្ចាត់ដោយសារទឹកសាប៊ូ៕

ប្រភព៖ Sabay

Banner Content

Related Article

0 Comments

Leave a Comment